បច្ចុប្បន្ននេះមិនថាមនុស្សចាស់ វ័យជំទង់ ឬ ក្មេងមួយចំនួន ហាក់បីដូចជាមិនដឹងថា គួរតែសម្រកទម្ងន់ប៉ុន្មានក្នុងមួយខែ។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សមួយចំនួនទៀតជិះកង់តាំងពីពួកគេនៅក្មេង អ្នកខ្លះទៀតចាប់ផ្តើមជិះកង់ជាប្រចាំដើម្បីឲ្យខ្លួនរបស់ពួកគេមានសុខភាពល្អ ប៉ុន្តែពួកគាត់នូវតែមិនដឹងអំពីរបៀបសម្រកទម្ងន់ដោយមានប្រសិទ្ធភាព និងត្រឹមត្រូវ។
អត្តបទខាងក្រោមនេះនឹងពន្យល់បង្ហាញអ្នកឲ្យយល់កាន់តែច្បាស់បន្ថែមទៀត៖
លោកស្រី Susan Besser គឺជាគ្រូពេទ្យជំនាញខាងសុខភាពគ្រួសារ និងផ្តល់ថ្នាំពេទ្យ រួមជាមួយគ្រូពេទ្យឯកជន ឈ្មោះ Mercy នៅតំបន់ Overlea ក្នុងទីក្រុង Baltimore មានប្រសាសន៍ថា ការធ្វើការដោយមានរបៀប និងការធ្វើលំហាត់ប្រាណទៀងទាត់ ធ្វើឲ្យអ្នកមានសុខភាពល្អ ហើយជួុយសម្រកទម្ងន់បន្តិចម្តងៗ។ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ CDC យល់ស្របថាមនុស្យដែលធាត់ជាមធ្យមគួរតែសម្រកទម្ងន់បន្តិចក្នុងមួយផោន (០.៤៥ គីឡូក្រាម) ក្នុងមួយសប្តាហ៍ ឬប្រហែល ៤ ទៅ ៥ ផោនក្នុងមួយខែ។
ចំពោះកាឡូរីវិញ ធម្មតាសម្រាប់របបអាហារភាគច្រើនគឺប្រហែល ៥០០ កាឡូរីក្នុងមួយថ្ងៃសម្រាប់អ្នកសម្រកទម្ងន់ ហើយសម្រាប់មនុស្សភាគច្រើនការផ្លាស់ប្តូរកាឡូរី ៥០០ កាឡូរីក្នុងការទទួលទានគឺអាចគ្រប់គ្រងបានហើយ។ ម្យ៉ាងទៀតមាននិរន្តរភាពក្នុងរយៈពេលវែងសម្រាប់សុខភាព។ ការកាត់បន្ថយកាឡូរីបន្ថែមអាចជួយឲ្យអ្នកសម្រកទម្ងន់បានកាន់តែច្រើនក្នុងពេលតែមួយ ប៉ុន្តែលទ្ធផលរយៈពេលវែងអាចតិចជាងការចង់បាន លើសពីនេះទៀតលោកស្រី Besser មានប្រសាសន៍ថាការសម្រកទម្ងន់យ៉ាងឆាប់រហ័សអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាព។ លោកស្រីបានបន្តទៀតថា ការសម្រកទម្ងន់លឿនអាចបណ្តាលឲ្យបាត់បង់សាច់ដុំ ជាជាងខ្លាញ់ ហើយប្រសិនបើអ្នកញាំុមិនល្អ វាអាចបណ្តាលឲ្យមានការផ្លាស់ប្តូរមេតាប៉ូលីស និងធ្វើឲ្យខ្លួនរបស់អ្នកឈឺបាន។ ម្យ៉ាងទៀតនៅពេលដែលរាង្គកាយរបស់អ្នកស្រកទម្ងន់ ការរំលាយអាហារថយចុះផងដែរ។ និយាយរួមទៅវាកាន់តែពិបាកក្នុងការសម្រកទម្ងន់ដោយមិនចាំបាច់ហាត់ប្រាណ។ ចំនុចសំខាន់ដែលអ្នកត្រូវដឹងនោះគឺគោលដៅនៃការសម្រកទម្ងន់។ នៅពេលដែលមានទម្លាប់ល្អ ហាត់ប្រាណជាប្រចាំ ទើបធ្វើឲ្យមានសុខភាពល្អ ហើយការសម្រកទម្ងន់ក៏ល្អប្រសើរដូចនោះដែរ ប៉ុន្តែសូមជៀសវាងការសម្រកទម្ងន់ណាដែលមិនសមហេតុផល ដោយលឿនរហ័ស ឬក៍ប្រើថ្នាំអាចប៉ះពាល់ដល់សុខភាពជាយថាហេតុ។