វិធីសាស្រ្តល្អៗដែលអ្នកគួរតែអនុវត្តក្នុងការចាប់ផ្តើមជិះកង់ពេលព្រឹកព្រលឹម ប្រសិនបើអ្នកចង់បានអារម្មណ៍ស្រស់ថ្លាពេញមួយថ្ងៃមុនពេលអ្នកចំណាយពេលវេលាធ្វើកិច្ចការងារផ្សេងៗ។ ជាមួយគ្នាផងដែរ ការជិះកង់ពេលព្រឹកព្រលឹមព្រាងៗបន្ទាប់ពីភ្ញាក់ពីគេង ពិតជាធ្វើឲ្យអ្នកកាន់តែស្វាហាប់ និងរហ័សរហួន ព្រមទាំងមានភាពជឿជាក់លើខ្លួនឯងក្នុងការធ្វើកិច្ចការអ្វីមួយផងដែរ។
វិធីសាស្រ្ត និងគន្លឹះសំខាន់ៗដែលអ្នកគួរតែយល់ដឹង និងអនុវត្តមានដូចខាងក្រោមនេះ៖
១. លំហាត់ប្រាណពេលព្រឹកព្រលឹម
ការចាប់ផ្តើមជិះកង់ហាត់ប្រាណពេលព្រឹកព្រលឹម គឺជាការអនុវត្តដ៏អស្ចារ្យ ហើយជាហេតុផលដ៏ល្អមួយដែលជួយជំរុញទឹកចិត្ត និងផ្តល់ថាមពលពេញលេញដល់រូបរាង្គកាយអ្នក ដែលជាកត្តាធ្វើឲ្យការធ្វើកិច្ចការងាររបស់អ្នកមានប្រសិទ្ធភាពខ្ពស់ជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ ការក្រោកពីព្រលឹមដើម្បីជិះកង់ហាត់ប្រាណ ជួយរក្សាសម្ពាធឈាមរបស់អ្នកឲ្យមានតុល្យភាពដែលជាលទ្ធផលធ្វើឲ្យអ្នកគេងលក់ស្កប់ស្កល់នៅពេលយប់។
២. រៀបចំគម្រោងជាមុនសិន
អ្នកគួរតែមានផែនការ រៀបចំរបស់របរ ត្រៀមខ្លួនរួចជាស្រេច និងធានាថារបស់ទាំងអស់មាននៅក្នុងដៃរបស់អ្នកមុននឹងចាប់ផ្តើមជិះកង់ សម្រាប់បញ្ជៀសនូវបញ្ហាកង្វះខាតផ្សេងៗអំឡុងពេលជិះ និងកាត់បន្ថយការចំណាយពេលវេលាដើម្បីស្វែងរកឧបករណ៍មុនពេលយកកង់ចេញពីផ្ទះ ជិះទៅកន្លែងផ្សេងៗដែលអ្នកបានកំណត់។
៣. ទុកដាក់ឧបករណ៍របស់អ្នកឲ្យបានត្រឹមត្រូវ
ចូររៀបចំទុកដាក់នូវសម្លៀកបំពាក់ជិះកង់ និងឧបករណ៍ដទៃទៀតឲ្យបានត្រឹមត្រូវដូចជា ដបទឹក ភ្លើងពិល ឬក៏ត្រួតពិនិត្យភ្លើងខាងក្រោយនៃកង់ និងសម្ភារទាំងអស់ដែលអ្នកគិតថា អ្នកត្រូវការចាំបាច់។ ម្យ៉ាងវិញទៀត ធ្វើបែបនេះគឺមិនធ្វើឲ្យក្រុមគ្រួសារ ឬ អ្នកដែលគេងជាមួយអ្នកភ្ញាក់ឮសំឡេងរំខាន។ មុននឹងចាកចេញត្រូវប្រាកដថា កង់របស់អ្នកដំណើរការល្អឥតខ្ចោះ ជាការប្រសើរល្អបំផុត និងដើម្បីធានានូវសុខសុវត្ថិភាពរបស់អ្នកផងដែរ។
៤. រៀបចំអាហារសម្រាប់ខ្លួនឯង
អ្នកត្រូវរៀបចំអាហារសម្រន់ណាដែលជាប្រភេទអាហារផ្តល់សុខភាព ហើយអាចញុំាបានអំឡុងពេលជិះកង់ ឬក៏ចាប់ផ្តើមជិះកង់ ជាពិសេសពេលអ្នកឈប់សម្រាកនៅតាមផ្លូវ។ ប៉ុន្តែចំពោះអ្នកជិះកង់ខ្លាំង និងមានរយ:ចម្ងាយវែងយូរ ប្រហែលជាមិនត្រូវការប្រភេទអាហារទាំងអស់នេះទេ។ ហេតុដូច្នេះ សម្រាប់អ្នកដែលមានគោលដៅក្នុងការសម្រកទម្ងន់ អាចយកជាមួយនូវទឹក ឬ អាហារផ្តល់សុខភាពដែលមិនមានជាតិស្ករ ឬ កាល់ឡូរីខ្ពស់ ហើយការធ្វើលំហាត់ប្រាណមុនញុំាអាហារ គឺកាន់តែមានប្រសិទ្ធភាព។
៥. ការគេងដោយត្រឹមត្រូវ
មុនចាប់ផ្តើមជិះកង់ ត្រូវប្រាកដថាអ្នកគេងបានគ្រប់គ្រាន់នៅពេលយប់ ហើយប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់នោះទេ អ្នកនឹងមិនមានអារម្មណ៍ស្វាហាប់ ឬ រីករាយក្នុងការជិះកង់នោះទេ ពីព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាងងុយគេង ដែលជាកត្តារារាំងអ្នកពីការព្យាយាមជិះពេលព្រឹកបន្តែមទៀត។ គន្លឹះល្អក្នុងការគេងលក់ស្រួល អ្នកត្រូវបិទគ្រឿងអេឡិចត្រូនិចប្រហែលមួយម៉ោងមុនពេលចូលគេង ពីព្រោះការប្រើប្រាស់ទូរស័ព្ទដែលមានរលកពន្លឺពណ៌ចេញពីអេក្រង់បង្កឲ្យមានភាពដាស់តឿនដល់ខួរក្បាលដោយបង្ក្រាបការផលិតមេឡានីនដែលជាអរម៉ូនដែលជួយជំរុញការគេងបានស្កប់ស្កល់ល្អ ដែលជាមូលហេតុ ធ្វើឲ្យអ្នកគេងមិនលក់ ម៉្យាងវិញទៀត គួរកាត់បន្ថយគ្រឿងផឹកជំនួយកម្លាំងដូចជា ខារ៉ាប៉ាវ គោជល់ ឬ កាហ្វេជាដើម។ល។