ការជិះកង់ដោយមានរបៀបរាបរយ និងមានពេលវេលាកំណត់ច្បាស់លាស់ ហើយគួបផ្សំនឹងការបរិភោគអាហារដែលមានសុខភាពល្អ ពិតជាជួយយើងឲ្យស្រកទម្ងន់បានយ៉ាងល្អប្រសើរ។ យើងខ្ញុំសង្ឃឹមថា អត្តបទខាងក្រោមនេះនឹងផ្តល់ចំណេះដឹង ឬក៏វីធីសាស្រ្តល្អៗបន្តែមទៀតអំពីការសម្រកទម្ងន់ដោយការជិះកង់។
ចំនុចសំខាន់ៗនៃការជិះកង់សម្រាប់អ្នកចង់សម្រកទម្ងន់មានដូចខាងក្រោម៖
១. ការជិះកង់ធ្វើឲ្យស្រកទម្ងន់
ប្រសិនបើអ្នកព្យាយាមសម្រកទម្ងន់ ប៉ុន្តែពេលខ្លះអ្នកមានអារម្មណ៍ថា ធុញ ទ្រាន់នឹងការហាត់ប្រាណនោះ សូមកុំបារម្ភអី។ យើងខ្ញុំសូមធ្វើការណែនាំឲ្យអ្នកជិះកង់វិញល្អប្រសើរជាង ពីព្រោះការជិះកង់ជាការហាត់ប្រាណដ៏ល្អសម្រាប់អ្នក។ ការជិះកង់តែឯង ការជិះកង់ជាមួយមិត្តភក្តិ ឬក៏ជិះជាមួយក្រុមគ្រួសារតាមដងផ្លូវដែលមានព្រៃព្រឹកសារ អមទៅដោយធម្មជាតិព័ទ្ធជំុវិញ ពិតជាធ្វើឲ្យអ្នកសប្បាយរីករាយ និងមានអារម្មណ៍ស្រស់ថ្លា ហើយចង់ជិះកង់កាន់តែខ្លាំងបន្តែមទៀត។ ការជិះកង់មិនត្រឹមតែជាសកម្មភាពសប្បាយប៉ុណ្ណោះទេ ប៉ុន្តែវាជាការហាត់ប្រាណដ៏អស្ចារ្យមួយ ដើម្បីធ្វើឲ្យសាច់ដំុរបស់អ្នករឹងមាំ ពង្រឹងឆ្អឹង និងសម្រកទម្ងន់ផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកគ្រាន់តែជិះកង់លេងៗក្នុងរយ:ពេលខ្លីមិនបានយូរ ហើយគ្មានផែនការច្បាស់លាស់ អ្នកប្រាកដជាមិនអាចសម្រេចគោលដៅបានឡើយ។ អ្នកត្រូវតែអនុវត្តតាមវិធីសាស្រ្តដែលបានគ្រោងទុកឲ្យបានត្រឹមត្រូវ ដើម្បីសម្រេចគោលដៅរបស់អ្នក។
២. កំណត់ពេលវេលាជិះកង់ឲ្យបានច្បាស់លាស់
ចូរអ្នកកំណត់ពេលវេលានៃការជិះកង់ ពីព្រោះវាមានសារៈសំខាន់ណាស់នៅពេលអ្នកព្យាយាមសម្រកទម្ងន់ ដើម្បីសម្រេចគោលដៅដែលអ្នកចង់បាន។ នៅពេលអ្នកកំណត់ពេលវេលាត្រឹមត្រូវ និងជាក់លាក់ អ្នកត្រូវតែចងចាំថា របបអាហារគឺជាផ្នែកមួយសំខាន់ណាស់ដែរ ហើយការំលាយអាហាររបស់មនុស្សម្នាក់ៗគឺខុសគ្នា។ ជាបឋមអ្នកត្រូវយល់ដឹងពីតម្រូវការរបស់រាង្គកាយជាមុនសិន មុនពេលអ្នកចាប់ផ្តើមផ្លាស់ប្តូរទម្លាប់ណាមួយ។ យោងទៅតាមវេជ្ជបណ្ឌិត និងអ្នកជំនាញជិះកង់បានឲ្យដឹងថា ការជិះកង់ជាប់លាប់ និងបរិភោគអាហារដែលមានសុខភាពល្អ និងទៀងពេល នោះអ្នកនឹងអាចសម្រកទម្ងន់បាន ៥០០ ក្រាមនៃកាឡូរី ក្នុងមួយសប្តាហ៍។
៣. ផ្លាស់ប្តូរពេលវេលាញុំាអាហារឲ្យបានត្រឹមត្រូវ
ប្រសិនបើអ្នកសម្រេចចិត្តសម្រកទម្ងន់ដោយការជិះកង់ ដូច្នេះអ្នកត្រូវតែរៀបចំទម្លាប់របស់អ្នកឲ្យបានត្រឹមត្រូវ ជាពិសេសអ្នកគួរតែជិះកង់រៀងរាល់ព្រឹកមុនពេលញំុាអាហារ ពីព្រោះការជិះកង់ពេលព្រឹកដោយមិនទាន់បានបរិភោគអាហារ វាជួយដុតបំផ្លាញជាតិខ្លាញ់បាន ២០ % ដោយមានប្រសិទ្ធភាពខ្ពស់។ ការអនុវត្តទម្លាប់បែបនេះនឹងធ្វើឲ្យអ្នកមានភាពស្រស់ថ្លាក្នុងចិត្ត ហើយជួយផ្តល់ថាមពលដល់អ្នកកាន់តែខ្លាំង និងស្វាហាប់ជារៀងរាល់ថ្ងៃ។
៤. ការចំណាយពេលជិះកង់បានយូរ
អ្នកត្រូវតែផ្តាច់ជ្ញាចិត្តថា អ្នកអាចជិះកង់រយះពេលយូរ ហើយការជិះកង់បានយូរ គឺល្អសម្រាប់អ្នកដើម្បីសម្រកខ្លាញ់ក្បាលពោះ។ ពេលអ្នកជិះកង់លើផ្លូវដែលមិនសូវមានមនុស្សច្រើន និងមិនសូវមានទោចក្រយានយន្ត ដូច្នេះអ្នកអាចជិះកង់បានរយ:ពេលយូរដោយគ្មានការកកស្ទះចរាចរណ៍ ទើបអាចដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួនបានយ៉ាងល្អប្រសើរ។
៥. ការជិះឡើងភ្នំ
ធម្មតាអ្នកតែងតែជិះកង់លើផ្លូវណាដែលស្រួល ជាពិសេសផ្លូវត្រង់លើកផ្លូវបេតុង ប៉ុន្តែប្រសិនបើអ្នកពិតជាចង់សម្រកទម្ងន់មែន អ្នកគួរតែជំុរុញចិត្តខ្លួនឯងឲ្យកាន់តែខ្លាំងដើម្បីជិះឡើងភ្នំ ពីព្រោះការជិះកង់ឡើងភ្នំជួយដុតបំផ្លាញកាឡូរីកាន់តែច្រើន និងសម្រកទម្ងន់បានលឿនរហ័ស។
៦. រៀបចំ និងពិនិត្យឥរិយាបថរបស់អ្នកឲ្យបានត្រឹមត្រូវ
ការជិះកង់ប្រកបទៅដោយឥរិយាបទត្រឹមត្រូវ គឺជាគន្លឹះក្នុងការសម្រកទម្ងន់ ហើយអ្នកត្រូវប្រាកដថា អ្នកកំពុងជិះកង់ដើម្បីសម្រេចគោលដៅដែលអ្នកចង់បាន។ ឧទាហរណ៍៖ ពេលណាត្រូវដំឡើងល្បឿន បន្តយល្បឿន ឬដំឡើងល្បឿន និងបន្តែមល្បឿនទៀត។ ម្យ៉ាងវិញទៀត អ្នកគួរតែបរិភោគអាហារដែលមានសុខភាពល្អ ប្រកាន់យករបៀបរស់នៅល្អ និងអនុវត្តទម្លាប់នៃការហាត់ប្រាណជាប់លាប់ ជាពិសេសទៀត អ្នកត្រូវផ្តោតអារម្មណ៍របស់អ្នកទៅលើអ្វីដែលអ្នកកំពុងធ្វើ។